ADB - Asian Development Bank

05/06/2025 | Press release | Distributed by Public on 05/06/2025 01:07

Digitalization Can Reduce Persistent Inequality in Asia and the Pacific

ទីក្រុងមីឡាន ប្រទេសអ៊ីតាលី (ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥) - ឌីជីថលនីយកម្ម អាចជាឧបករណ៍ដ៏មានឥទ្ធិពលមួយក្នុងការជួយកាត់បន្ថយវិសមភាពសេដ្ឋកិច្ចដែលមានជាយូរមកនៅ អាស៊ី និងប៉ាស៊ីហ្វិក ប៉ុន្តែដើម្បីទាញយកសក្តានុពលរបស់វា រដ្ឋាភិបាលចាំបាច់ត្រូវបង្រួម «គម្លាតឌីជីថល» រួមទាំងគម្លាតក្នុងហេដ្ឋារចនាសម្ព័ន្ធ លទ្ធភាពប្រើប្រាស់ និងជំនាញ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ទោះបីជាប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក បានដើរលឿនជាងតំបន់ផ្សេងទៀត ក្នុងការអភិវឌ្ឍឌីជីថលក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះក៏ដោយ ក៏អត្ថប្រយោជន៍មិនត្រូវបានចែករំលែកស្មើៗគ្នា នោះទេ។ ជាឧទាហរណ៍ នៅទូទាំងតំបន់ ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងទីក្រុងគឺខ្ពស់ជាង អ្នករស់នៅ តាមទីជនបទ ១៣% នេះបើយោងតាម របាយការណ៍គោលនយោបាយអភិវឌ្ឍអាស៊ីឆ្នាំ ២០២៥៖ លើក កម្ពស់ការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីផលជះវិជ្ជមាន (Asian Development Policy Report 2025: Harnessing Digital Transformation for Good)ដែលចេញផ្សាយនៅថ្ងៃនេះ។ ល្បឿនទាញយកឯកសារពីអ៊ីនធឺណិតតាមទូរសព្ទដៃនៅទីក្រុងក៏លឿនជាងនៅតាមទីជនបទដល់ទៅ ៣៨% ដែរ។ ការសិក្សាពីមុនក៏បានរកឃើញផងដែរថា ប្រទេសកំពុងអភិវឌ្ឍជាច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក មានភាពយឺតយ៉ាវក្នុងផ្នែក បរិយាបន្នឌីជីថល ហើយជាទូទៅមានកម្រិតជំនាញឌីជីថលទាប។

ទន្ទឹមនឹងនេះ បើទោះបីជាមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក៏ដោយ ក៏វិសមភាពសេដ្ឋកិច្ចនៅតែបន្តកើតមាននៅក្នុងតំបន់។ សម្រាប់ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី មេគុណ Gini ជាមធ្យមដែលវាស់វែងដោយប្រើទំហំចំនួនប្រជាជន (population-weighted average Gini coefficient) - ដែលជាមធ្យោបាយគណនាវិសមភាពតាមប្រទេស - ក្នុងឆ្នាំ២០២២មានចំនួន៦%ខ្ពស់ជាងឆ្នាំ១៩៩០។ គិតត្រឹមឆ្នាំមុន ១៨,៩% នៃចំនួនប្រជាជនក្នុងតំបន់ត្រូវបានចាត់ថ្នាក់ថាជាអ្នកក្រ ដែលរស់នៅជាមួយការចាយវាយតិចជាង៣,៦៥ ដុល្លារក្នុងមួយថ្ងៃ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ការរីកចម្រើនផ្នែកឌីជីថលយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិក ធ្វើឱ្យតំបន់នេះស្ថិតក្នុងស្ថានភាពអាចទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន។ រដ្ឋាភិបាលដែលលើកកម្ពស់បរិយាបន្ន និងនិរន្តរភាពឌីជីថលនីយកម្ម មានឱកាសជំរុញផលិតភាពនិងនវានុវត្តន៍ទូទៅ ព្រមទាំងកាត់បន្ថយវិសមភាពសេដ្ឋកិច្ចផងដែរ។»

ឌីជីថលនីយកម្មអាចកាត់បន្ថយវិសមភាព ដោយការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋានដូចជាហិរញ្ញវត្ថុ និងការអប់រំផ្ទាល់ខ្លួន ឬដោយការជួយម្ចាស់អាជីវកម្មខ្នាតតូច ក្នុងការដោះស្រាយឧបសគ្គដូចជាកង្វះលទ្ធភាពទទួលបានហិរញ្ញប្បទាន ឬបណ្តាញអាជីវកម្មជាដើម។ ការរីចម្រើនផ្នែកឌីជីថលក៏ អាចជួយពន្លឿនការផ្លាស់ប្តូរទៅរកការអភិវឌ្ឍកាបូនទាប និង ធ្វើឱ្យសហគមន៍ក្នុងតំបន់កាន់តែមានភាព ធន់នឹងអាកាសធាតុ និងគ្រោះមហន្តរាយ ឧទាហរណ៍ តាមរយៈការគាំទ្រ គំរូនិងការវិភាគ ដើម្បីកែលម្អការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ និង ការព្យាករដំណើរអាកាសធាតុដើម្បីកំណត់ដំណោះស្រាយដូចជា ការជ្រើសរើសដំណាំដែលធន់នឹងអាកាសធាតុ។

របាយការណ៍នេះផ្តល់អនុសាសន៍ជូនរដ្ឋាភិបាលក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក ឱ្យប្រកាន់យកយុទ្ធសាស្រ្តឌីជីថលជាតិដែលរួមបញ្ចូលបរិយាបន្ន និង គោលដៅប្រកបដោយនិរន្តរភាព ហើយបង្កើតគោលនយោបាយ កែសម្រួលតាមមូលដ្ឋាន ដែលលើកកម្ពស់គោលបំណងទាំងនេះ។ រដ្ឋាភិបាល គួរតែចូលរួមជាមួយវិស័យឯកជន អង្គការសង្គមស៊ីវិល ក៏ដូចជាសហគមន៍ជាតិ និងអន្តរជាតិ។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយ បរិយាបន្ន ភាពធន់ និង និរន្តរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

ADB - Asian Development Bank published this content on May 06, 2025, and is solely responsible for the information contained herein. Distributed via Public Technologies (PUBT), unedited and unaltered, on May 06, 2025 at 07:07 UTC. If you believe the information included in the content is inaccurate or outdated and requires editing or removal, please contact us at support@pubt.io